ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងឯកឧត្តម លោក លោកស្រី ជាអគ្គនាយក ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួនផងដែរ ។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើយន្តការអនុគ្រោះទោសដល់អនីតិជនទំនាស់នឹងច្បាប់ ឱ្យប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីជាការគិតគូរដល់ឧត្តមប្រយោជន៍របស់អនីតិជន និងជាពិសេសការធ្វើសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់ទៅក្នុងសហគមន៍វិញ ដោយត្រូវធានាឱ្យបាននូវសន្តិសុខសង្គម និងពិភាក្សាអំពីនីតិវិធីនៃការផ្ទេរ ការថែរក្សាទុកអនីតិជនទំនាស់នឹងច្បាប់ ដែលត្រូវបានបញ្ជូន ឬផ្ទេរមកពីមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ទៅធ្វើការអប់រំ កែប្រែ និងស្តារនីតិសម្បទា នៅមណ្ឌលយុវជនីតិសម្បទា ដែលជាការរួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែផង និងដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានការកែប្រែកិរិយាមារយាទឱ្យបានល្អ រក្សាបាននូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរ ផងដែរ។