៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ រហូតមកដល់បច្ចុប្បន្ន ស្មារតី ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។
យើងទាំងអស់គ្នាចងចាំជានិច្ច នូវមហាគុណូបការៈនៃជ័យជម្នះ ៧មករា ដែលបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាពជានិច្ចនិរន្តរ៍ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។
ដោយក្តីគោរព និងសូមអរគុណសន្តិភាព!