ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានសំណូមពរឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ដំឡើងអង់តែនទូរស័ព្ទឲ្យបានគ្រប់ទីកន្លែង ពិសេសតាមតំបន់ទេសចរណ៍ជាអាទិភាពមុនគេ ដើម្បីបម្រើសំណូមពរចាំបាច់របស់ភ្ញៀវទេសចរជាតិ និងបរទេស ខណ:សព្វថ្ងៃនេះ នូវតំបន់ទេសចរណ៍មួយចំនួន នៅក្នុងខេត្តពោធិ៍សាត់ មានសេវាទូរស័ព្ទខ្លះហើយ ប៉ុន្តែនៅមិនទាន់គ្រប់ជ្រុងជ្រោយឡើយ ដែលធ្វើភ្ញៀវទេសចរ មកកម្សាន្តលំហែកាយ ថ្ងៃឈប់សម្រាកត្រូវការទំនាក់ទំនងព័ត៌មាន ឬបំពេញឯកសារ របាយការណ៍ផ្សេងៗតាមទូរស័ព្ទ ឬតាមកុំព្យូទ័រជាដើម មិនអាចដំណើរការបានល្អព្រោះគ្មានសេវាអ៊ីនធើណែត ដែលជាបញ្ហាមួយ ក្នុងការកាត់បន្ថយភ្ញៀវទេសចរ ទៅកាន់តំបន់នោះផងដែរ។
លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើគ្រប់តំបន់ទេសចរណ៍ក្នុងខេត្តមានសេវាទូរស័ព្ទគ្រប់គ្រាន់នោះភ្ញៀវទេសចរចូលចិត្តមកទស្សនាកម្សាន្តដោយក្តីរីករាយ ព្រោះខេត្តពោធិ៍សាត់ជាខេត្តមួយ សម្បូរតំបន់ទេសចរណ៍ មានទាំងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើនកន្លែង ហើយក៏ជាខេត្តមួយស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី៤ នៃគោលនយោបាយរាជរដ្ឋាភិបាលផងដែរ។
លោកអភិបាលខេត្ត បានសំណូមពរបែបនេះនៅក្នុងឱកាសដែលលោក ថេន ព្រំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជានៃក្រសួងប្រៃសនីយ៍និងទូរគមនាមគន៍ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម នៅសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ។
ជាការឆ្លើយតបលោក ថេន ព្រំវិសុទ្ធ បានជម្រាបជូនថាជាគោលការណ៍អាទិភាព របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្នបាននិងកំពុងពង្រីកនិងបង្កើនបង្កោលអង់តែនទូរស័ព្ទនៅគ្រប់តំបន់ទេសចរណ៍ទាំងអស់ ទូទាំងប្រទេស ដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងឆ្នាំ២០២៤-២០២៥ខាងមុខនេះ ធ្វើយ៉ាងណាឲ្យបានរួចរាល់នៅគ្រប់តំបន់ទេសចរណ៍ និងកន្លែងខ្វះប្រព័ន្ធទូរស័ព្ទទាំងអស់។ កន្លងមកក្រសួងបានបោះអង់តែនទូរស័ព្ទប្រមាណជាង១០០អង់តែនខេត្តសៀមរាប និងនៅតំបន់ទេសចរណ៍តាមបណ្តាខេត្តមួយចំនួនផងដែរ។ ចំពោះខេត្តពោធិ៍សាត់ លោកនឹងនាំយកនូវសំណូមពរនេះ ជម្រាបជូនលោករដ្ឋមន្ត្រីដើម្បីឆ្លើយតប។
ជាមួយគ្នានេះ លោកអគ្គនាយកប្រៃសនីកម្ពុជាបានជម្រាបជូនថា គោលបំណងដែលលោកដឹកនាំក្រុមប្រតិភូសុំការអនុញ្ញាតិចូលជួបថ្ងៃនេះ គឺដើម្បីសុំកិច្ចសហការប្រៃសនីយ៍កម្ពុជា ជាមួយអង្គភាពចក្រចេញ ចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយសេវាដឹកជញ្ជួននិងចែកចាយបញ្ញើប្រៃសនីយ៍កម្ពុជាស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសាធារណ:ឲ្យជិតខ្នងផ្ទះប្រជាពលរដ្ឋ ក៏ដូចជាជួយការកាត់បន្ថយពេលវេលា និងបន្ទុកចំណាយរបស់ប្រជាពលរដ្ឋផងដែរ៕
ដោយ សេង ប៊ុនធឿន