ប៉ារ៉ាហ្គាយ៖ ពិធីបុណ្យអបអរការប្រមូលផលដំណាំកញ្ឆាត្រូវបានប្រជាកសិករនៅក្នុងតំបន់ Aguerito ប្រទេសប៉ារ៉ាហ្គាយរៀបចំធើ្វឡើងសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋទូទៅឱ្យយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍របស់ដំណាំកញ្ឆានៅក្នុងវិស័យវេជ្ជសាស្ត្រ និងដើម្បីឈានទៅជម្រុញឱ្យរដ្ឋាភិបាលធើ្វការបន្ធូរបន្ថយការរឹតបន្ដឹងលើការដាំដុះដំណំាកញ្ឆានៅក្នុងប្រទេសនេះ។
ពិធីបុណ្យប្រមូលផលដំណាំកញ្ឆារបស់សហគមន៍ពលរដ្ឋ Aguerito ខាងលើ បានទាក់ទាញមនុស្សជាច្រើនដែលចង់ធើ្វការស្វែងយល់អំពីរបៀបដំាដុះ និងថែទាំដំណាំមួយប្រភេទនេះ ឱ្យចូលទស្សនាចំការដំណាំកញ្ឆារបស់ប្រជាកសិករក្នុងតំបន់នេះ ។
កសិករ និងជាអ្នករៀបចំពិធីបុណ្យប្រមូលផលមួយរូប បានរៀបរាប់ថា លោកបានបោះបង់ចោលការធើ្វកសិកម្មតាមបែបប្រពៃណី ដោយងាកមកធើ្វការដំាដុះដើមកញ្ឆា ដោយសារតែវា (កញ្ឆា) អាចរកចំណូលបានច្រើនជាងប្រភេទដំណាំធម្មតា ប៉ុន្តែយ៉ាងណាក៏ដោយ ការប្រកបរបរដាំដុះដំណាំប្រភេទនេះ ត្រូវប្រឈមនឹងហានិភ័យច្រើន ដោយសារតែមានការរឹតបន្តឹងខ្លាំងពីរដ្ឋាភិបាល បើទោះបីជាពលរដ្ឋភាគច្រើនបានទាមទារឱ្យមានការលើកលែងសម្រាប់ការដំាដុះដើម្បីប្រើប្រាស់ក្នុងវិស័យសុខាភិបាលយ៉ាងណាក្តី។
យោងតាមច្បាប់របស់ប្រទេសប៉ារ៉ាហ្គាយដែលបានដាក់ចេញកាលពីឆ្នាំ ២០១៧ មិនបានអនុញ្ញាតឱ្យមានការដាំដុះកញ្ឆាសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាលនោះទេ និងបានណែនាំឱ្យធើ្វការនាំចូលពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុក។ កសិករនៅក្នុងតំបន់ Aguerito មួយចំនួននៅតែបន្ដដំាដុះកញ្ឆាសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសសំខាន់ៗដូចជាប្រេស៊ីលជាដើម ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect