Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនថា ខ្លួនមិនទាន់បានគិតអំពីអនាគត នៅក្នុងក្រុមជម្រើសជាតិឡើយ ប៉ុន្តែរូបគេអះអាងចង់ផ្តោតលើការការពារតំណែងជើងឯក Copa America នៅឆ្នាំ ២០២៤ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាមេរិក។
កាលពីដើមឆ្នាំ ២០២៣ Messi ធ្លាប់និយាយថា ការជួយក្រុមអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។ តែការប្រកួតបន្តបន្ទាប់ទាំងមិត្តភាព និងជម្រុះ World Cup 2026 នោះ កីឡាករវ័យ ៣៦ឆ្នាំ នៅតែមានវត្តមានជាមួយក្រុមអាហ្សង់ទីនដដែល។
ក្រុមអាហ្សង់ទីនជាក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាមេរិកខាងត្បូង CONMEBOL ហើយ Messi ក៏បានបញ្ជាក់ថា រូបគេរីករាយក្នុងការចំណាយពេលជាមួយនឹងក្រុមអាហ្សង់ទីន។
ជុំវិញរឿងនេះ Messi បាននិយាយប្រាប់ដូច្នេះថា៖ “ដរាបណាខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំនឹងអាចបន្តលេងបាន ខ្ញុំនឹងធ្វើវាជាមួយនឹងក្រុមអាហ្សង់ទីន។ អ្វីដែលខ្ញុំគិតក្នុងថ្ងៃណេះគឺការទៅកាន់ពានរង្វាន់ Copa America ហើយខ្ញុំនៅតែអាចលេងបានល្អ ហើយបន្ទាប់មកជាពេលវេលានឹងប្រាប់ថាតើខ្ញុំនឹងលេងនៅ World Cup ឬអត់ ខ្ញុំនឹងមានអាយុ ៣៩ ដែលជាធម្មតាមិនអនុញ្ញាតឱ្យខ្ញុំលេងក្នុង World Cup បានឡើយ។”
ម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយអះអាងបន្ថែមថា ចង់ចំណាយពេលវេលាលេងពេញលេញជាមួយនឹងក្រុមអាហ្សង់ទីន ដោយមិនគិតអំពីអនាគត ២ ឬ ៣ឆ្នាំ ខាងមុខទៀតនោះទេ។
ការប្រកួត Copa America ស្ថិតនៅអាមេរិក គឺជាទីកន្លែងនៃការចងចាំដ៏អាក្រក់មួយ សម្រាប់អតីតខ្សែប្រយុទ្ធក្រុម Barcelona ដោយរូបគេតែងតែចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីនោះ។ កាលពីឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៩ អាហ្សង់ទីនដែលមាន Messi តែងតែចាញ់វគ្គផ្តាច់ព្រ័ត្រ Copa America ដែលធ្វើនៅអាមេរិក មុនពេលអាចគ្រង់តំណែងជើងឯកប្រចាំទ្វីបនៅក្នុងឆ្នាំ ២០២១។
បន្ទាប់ពីជួយក្រុមឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ ២០២១ Messi បានបន្តនាំក្រុមឈ្នះពានរង្វាន់ Finalissima ដោយឈ្នះលើអ៊ីតាលី មុនពេលឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៤-២ ក្រោយប្រកួត ១២០នាទីស្មើ ៣-៣ដើម្បីលើពាន World Cup 2022។
ចំពោះពានរង្វាន់ Copa America 2024 ជាការប្រកួតរវាងក្រុមមកពីតំបន់អាមេរិកខាងត្បូង CONMEBOL និងតំបន់អាមេរិកខាងជើង CONCACAF ហើយក្រុមចំនួន ៦ មកពីតំបន់អាមេរិកខាងជើងដែលរួមមានក្រុមអាមេរិក និង ម៉ិកស៊ិក ជាដើម។ ក្រុមអាហ្សង់ទីន នឹងដឹងអំពីគូប្រកួតរបស់ខ្លួនបន្ទាប់ពីការចាប់ឆ្នោតនៅថ្ងៃទី៧ ខែធ្នូរួច៕