មីយ៉ាន់ម៉ា៖ នៅលើបណ្តាញផ្សព្វផ្សាយថ្នាក់តំបន់មួយនៅឯប្រទេសសិង្ហបុរីបានស្រង់សំណេររបស់ស្មេរមួយរូបជាសាស្រ្តាចារ្យរងនៅឯដេប៉ាត់តឺម៉ង់រដ្ឋបាលសាធារណៈនិងកិច្ចការនយោបាយនៅឯសកលវិទ្យាល័យហុងកុង បានរំលេចចេញនូវជ្រុងទស្សនៈរបស់ខ្លួន ដោយបង្ហាញនូវចម្ងល់មួយនៅក្នុងចំណោមចម្ងល់ជាច្រើនទៀត ដែលស្តែងអំពីកិច្ចទំនាក់ទំនងរបស់ប្រទេសចិន ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។
តាមន័យរបស់ស្មេរ បានបង្ហើបបន្តទៀតថា ទំនាក់ទំនងរវាងរដ្ឋការទីក្រុងប៉េកំាង និងរបបសឹក គឺជាផ្តល់នូវកិច្ចគាំពារទំាងរបបសឹក និងក្រុមអង្គការចាត់តំាងប្រដាប់អាវុធអំបូរភាគតិច ដែលនេះ ត្រូវគេមើលឃើញថា ជាយុទ្ធសាស្រ្តចាក់ខ្សែ ឬម្យ៉ាងទៀតថា ជាយុទ្ធសាស្រ្តចម្រុះពណ៌ ក្នុងន័យដើម្បីការពារផលប្រយោជន៍សេណារីយ៉ូនយោបាយមួយ នេះបើតាមលោកសាស្រ្តាចារ្យរង អិនហ្សេ ហាន(Enze Han) នៅសាកលវិទ្យាល័យហុងកុងបានលើកឡើង។
នៅក្នុងសំណេរដដែល ត្រូវបានគេយកមកចុះផ្សាយបន្តទៀតថា តាមការយល់ដឹង តួនាទីរបស់ប្រទេសចិននៅក្នុងនយោបាយក្នុងស្រុកប្រកបដោយភាពស្មុគស្មាញក្នុងប្រទេសមីយ៉ាន់ម៉ា គឺដោយសារតែទំនោលំអៀងផ្នែកមនោគមន៍វិជ្ជា ដែលតាមតថភាពមើលឃើញថា ចិនបាននិងកំពុងតែលេងហ្គេមចាក់ខ្សែជាមួយនឹងកម្លំាងនយោបាយផ្សេងៗគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយ៉ាងហោចណាស់ ក៏មានរយៈពេលមួយទសវត្សរ៍ដែរ។
ដោយយោងតាមបណ្តាញផ្សព្វផ្សាយស៊ីអិនអេ(CNA) ដដែលបានរំលេចបន្តទៀតថា ទីក្រុងប៉េកំាង គឺចាក់ខ្សែនៅចំកណ្តាលនៃភាពចលាចលនយោបាយក្នុងស្រុករបស់មីយ៉ាន់ម៉ា ប្រសិនបណាបើរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬក៏ភាគីពាក់ព័ន្ធណាមួយអាចបង្ហាញនូវស្វាមីភក្តិដល់ក្រុងប៉េកំាងនោះ ខ្លួនអាចទំនងជាមានការចាប់អារម្មណ៍ធ្វើការជាមួយពួកគេ លើហេតុផលដំណោះស្រាយទទួលផលប្រយោជន៍ទៅវិញទៅមកតែប៉ុណ្ណោះ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Others/CNA