
មន្ត្រីម្នាក់ មានឋានៈជាប្រធានការិយាល័យអត្រានុកូលដ្ឋានស្រុកកងមាស នៃរដ្ឋបាលខេត្តកំពង់ចាម ឈ្មោះ ហែម គីមសាទ បានកែសំបុត្រកំណើតអោយពលរដ្ឋម្នាក់ ពីឈ្មោះឆេង សុឃ័ស មកឈ្មោះ ឆេង ឃ័ស រស់នៅភូមិក្តី ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើពេលអស់ជាង៣ខែ ហើយបានយកលុយពីគាត់ចំនួនពីរលើក អស់លុយ៣៦០ដុល្លារ ទើបសម្រេចបាន។
នេះងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលមានទីកន្លែងកំណើត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ប្រភពដដែលបានលើកឡើងទៀតថា៖ គាត់ខកចិត្តយ៉ាងខ្លាំង ព្រោះតែបញ្ហាកែសំបុត្រកំណើត មិនមែនជាកំហុសរបស់ពលរដ្ឋទេ គឺជាកំហុស របស់មន្ត្រីសរសេរខុស ម៉្តេចបានក្លាយជាបន្ទុករបស់ប្រជាពលរដ្ឋទៅវិញ។
ប្រភពបានលើកឡើងទៀតថា៖ តែបើខុសទៅហើយ ក៏ខុសទៅចុះ បើទោះបីជាក្បាលបញ្ជីប្រចាំឆ្នាំ បានយកទៅតម្កល់ទុកជាឯកសារ ដល់អគ្គអត្តសញ្ញាណកម្ម ក៏លែងពិបាកទៅសុំភ្លើងយក្យទៀតដែរ គឺមានបន្សល់មួយក្បាលនៅត្រឹមថ្នាក់ស្រុកឬខណ្ឌដែរ បើទោះជាកប់អស់ប៉ុន្មានឆ្នាំហើយក៏ដោយក៏វាមិនបាត់ទៅណាដែរ លើកលែងតែ ប្រទេសដូររបបដឹកនាំទើបគួរតែពិបាកមែន! ចុះពេលនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីនៅនឹងមុខនិយាយតែប៉ប៉ោចទេតើ ហេតុម្ត៉េចលំបាកម៉្លេះ?។
ដោយសារតែនៅមានក្បាលបញ្ជីចំនួនមួយក្បាល ត្រូវតែតម្កល់ទុកក្នុងមូលដ្ឋាន ស្រុកខណ្ឌដែរ ដូច្នេះសមត្ថកិច្ចជំនាញខាងអត្រានុគោលដ្ឋានឬ ច្រកចេញចូលតែមួយរបស់ស្រុក សុទ្ធតែអាចបើកមើលផ្ទៀងផ្ទាត់ក្បាលបញ្ជី ដើម្បីកែតម្រូវគ្រប់ពេលមិនដូចទៅសុំភ្លើងយក្សពីណា យ៉ាងយូរមួយសប្តាហ៍អាចកែតម្រូវវិញបានហើយ។
ជាទូទៅអាជ្ញាធរដែលមានសមត្ថកិច្ចឬមានតួនាទីក្នុងការកែសំបុត្រកំណើត ស្ទើរទូទាំងប្រទេសទៅហើយ សុទ្ធតែទទួលបានសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃនិងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជ្រាបអស់រួចមកហើយដែរក្នុងរឿងកែសបុត្រកំណើត កែអត្តសញ្ញាណប័ណ្ណនេះ ដើម្បីកុំអោយលំបាកដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនិងព័ត៌មានដ៏រសើប ជុំវិញរឿងអាស្រូវខាងលើនេះ មន្ត្រីសាលាស្រុកកងមាស លោក ហែម គឹមសាទ បានប្រាប់ថា «លោកសូមបដិសេធ លោកមិនបានប្រព្រឹត្ត ដូចការលើកឡើង របស់ប្រជាពលរដ្ឋនោះទេ?»។ ដោយឡែក លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានប្រាប់សារព័ត៌មានតាមប្រព័ន្ធTelegram យ៉ាងខ្លីថា «ទទួលបាន សូមអរគុណ»។
ពាក់ព័ន្ធរឿងអាស្រូវបុគ្គល ឈ្មោះ ហែម គីមសាទ កែសំបុត្រកំណើត អោយប្រជាពលរដ្ឋ យកលុយចំនួន៣៦០ដុល្លារ ពិតឬមិនពិតមហាជនបានសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់មន្ត្រីជំនាញ ដើម្បីជួយស៊ើបអង្កេត រកភាពត្រឹមត្រូវ និងផ្អែកតាមផ្លូវច្បាប់ផងទាន៕
ប្រភព៖ DBT News