នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ គណនី Facebook របស់អ្នកនាង ដេត ម៉ាលីណា បានបង្ហោះនៅវីឌីអូឃ្លីប១ និងមានភ្ជាប់នៅខ្លឹមសារថា’’🙏🏻🥺😭តើមានយុត្តិធម៌ទេសម្រាប់នាងខ្ញុំជាម្ដាយបង្កើតម្នាក់ ដែលបានបង្កើតកូនមកហើយ តែមិនមានសិទ្ធិជួបកូនទាល់តែសោះរយៈពេល ១(មួយ) ឆ្នាំ ទៅហើយ អ្វីកាន់តែឈឺចាប់បំផុតដែលនាងខ្ញុំមិនអាចទទួលយកបាននោះគឺ នៅសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់កូនទាំង ៣ (បី)នាក់ឲ្យទៅខាងឪពុកដែលមានគ្រួសារថ្មី (ប្រពន្ធថ្មី) និងធ្លាប់ប្រេីអំពេីរហឹង្សារលេីខ្ញុំនិងកូន ហើយតុលាការ បានបន្ថែមចេញដីកាសម្រេចរក្សាការពារកូនៗអោយខាងឱពុក ដែលគាត់ហាមឃាត់នាងខ្ញុំមិនឲ្យជួបកូនទៀត តាមពាក្យបណ្ដឹងរបស់ឪពុកដែលមានគ្រួសារថ្មីរួច ហើយនោះ។ តើការចេញដីកាសម្រេចរក្សាការពារកូន ដែលឱពុកមិនខ្លាចច្បាប់តែងតែហាមឃាត់នាងខ្ញុំមិនអោយជួបកូនៗបែបនេះត្រឹមត្រូវដែរឬទេ? យុត្តិធម៌ទេសម្រាប់នាងខ្ញុំជាម្ដាយ? ទាំងដែរខ្ញុំជាម្ដាយបង្កើត ខំពរពោះរយៈពេល ៩ ខែ ១០ ថ្ងៃ និងបានចិញ្ចឹមមើលថែរក្សារកូនស្រីកូនប្រុសទាំង ៣ (បី)នាក់ បានធំពេញវ័យ បែរជាគេហាមឃាត់ខ្ញុំគ្រប់ពេលមិនឲ្យចូលជួបកូនទៅវិញ ខ្ញុំពិតជាមានការនឹករលឹកកូនស្រី និងកូនប្រុសរបស់ខ្ញុំជាខ្លាំងពុំអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ។ អ្វីដែលបានធ្វើឲ្យនាងខ្ញុំឈឺចាប់ និងចងចាំមិនភ្លេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២ រសៀល ម្សិលមិញសាលាឧទ្ធរណ៍ភ្នំពេញ បានទាមទារទៅខាងឪពុកឲ្យយកកូនមកជួបដើម្បីធ្វើការសួរនាំលើកូន តែបែរជាគេចវេស មិនបានយកកូនៗមកតាមការទាមទាររបស់ខ្ញុំ និងតំណាងមហាអយ្យការឡើយ ហើយបានឲ្យគេយកកូនៗចេញទៅបាត់ ទាំងដែលនាងខ្ញុំទទឹមរងចាំថ្ងៃនោះមកដល់ថា នឹងបានជួបកូនប្រុសស្រីជាទីស្រឡាញ់។ ហេតុអ្វីបានជាអមនុស្សធម៌យ៉ាងដូច្នេះ? នាងខ្ញុំសង្ឃឹមថានៅសាលាឧទ្ធរណ៍ភ្នំពេញ នឹងសម្រេចប្រគល់កូនៗមកឲ្យនាងខ្ញុំជាអ្នកមានអំណាចមេបាវិញ ហើយបានជួបកូនឆាប់ៗនេះ។ ខ្ញុំពិតជានឹកកូនប្រុសស្រីខ្លាំងណាស់។ នេះជាវីឌីអូ ដែលហាមខ្ញុំមិនឲ្យជួបកូនៗ ដែលពួកគាត់ជាកូនៗរបស់ខ្ញុំ តើហេតុអ្វី?’’