មួយឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង បានទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋជាង ១០០០គណនី

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋចំនួន ១ ០៤៧គណនី។ ជាមួយគ្នានេះ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីបានចំនួន ៤៦៧គណនី និងករណី ចំនួន ៤១៩គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា វឌ្ឍនភាពការងារអាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា សុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញ ត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា