ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រីរ៉េតណូម៉ាស៊ូឌី (Retno Marsudi) មានប្រសាសន៍ថា ការអនុវត្តផែនការសន្តិភាពដែលធ្លាប់បានព្រមព្រៀងគ្នាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាអំឡុងឆ្នាំ ២០២១ នៅតែជាអាទិភាពមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ។
វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញជាខ្លាំង ហើយអាស៊ានត្រូវតែធ្វើ “រឿងដ៏ត្រឹមត្រូវ” ស្របតាមផែនការសន្តិភាពទាំង ៥ ចំណុច នេះបើយោងតាមការលើកឡើងរបស់លោកស្រីម៉ាស៊ូឌី (Marsudi) បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគី នៃក្រុមរដ្ឋមន្រ្តីការបរទេសមកពីជុំវិញពិភពលោក នៅឯរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។
កិច្ចប្រជុំនៃវេទិកាតំបន់អាស៊ាន (The ASEAN Regional Forum/ ARF) កាលពីថ្ងៃសុក្រកន្លងទៅ គឺជាការជួបជុំប្រចាំឆ្នាំដែលផ្តោតលើសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមមន្ត្រីការទូតកំពូលៗមកពីបណ្តាប្រទេសជាង២០ ក្នុងនោះ រួមមានទាំង ប្រទេសចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ីផងដែរ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានកំពុងតែព្យាយាមតស៊ូជម្នះ ដើម្បីជួយកាត់បន្ថយវិបត្តិបង្ហូរឈាមនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិករបស់ខ្លួន ។ ដំណាលគ្នានេះ វេទិកានៃកិច្ចប្រជុំកាលពីថ្ងៃសុក្រ បានបង្ហាញការថ្កោលទោសយ៉ាងពេញទំហឹងចំពោះភាពឃោរឃៅរបស់មេដឹកនាំនៃប្រទេសនេះទៅលើប្រជាជនស៊ីវិលរបស់ខ្លួន ។
គួរបញ្ជាក់ថា ចាប់តាំងពីរបបយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីមេដឹកនាំជាប់ឆ្នោតស្របច្បាប់ក្នុងឆ្នាំ ២០២១ រួចមក ប្រទេសមីយ៉ាន់ម៉ា ហាក់ធ្លាក់ចូលទៅក្នុងអំពើហិង្សាកាន់តែខ្លាំងឡើងៗ ក្រោមរូបភាពបង្រ្កាបដ៏សាហាវទៅលើគូប្រជែង រួមទាំងការបន្ថែមកម្លាំងយន្តហោះចម្បាំង និងកាំភ្លើងធំធុនធ្ងន់ដើម្បីប្រយុទ្ធជាមួយក្រុមទាហានគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងការបង្អាក់ដល់សកម្មភាពទាមទារសេរីភាពនៅក្នុងប្រទេស ។
ជាមួយគ្នានេះ កិច្ចប្រជុំជាបន្តបន្ទាប់របស់ប្លុកអាស៊ាន តែងតែបដិសេធដោយមិនអញ្ជើញមេដឹកនាំបច្ចុប្បន្នរបស់មីយ៉ាន់ម៉ាឱ្យចូលរួមឡើយ ក៏ព្រោះតែមេដឹកនាំនៃប្រទេសនេះ មិនគោរពកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំ ជាមួយអាស៊ាន ក្នុងការបញ្ចប់ភាពអវិជ្ជមាននៅក្នុងប្រទេស និងចាប់ផ្តើមបើកកិច្ចសន្ទនាជាចំហរជាមួយសមាជិកដទៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect