ប្រដាល់គុនខ្មែរប្រាក់លានខារ៉ាបាវនៅសង្វៀន CNC នឹងសម្រាក១សប្ដាហ៍ ទុកពេលឱ្យកីឡាករចូលរួមប្រកួតថ្នាក់ជាតិ

នៅចុងសប្ដាហ៍នេះ ក្រុមហ៊ុន CBS នឹងផ្អាកការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ដែលធ្វើឡើងនៅសង្វៀន CNC ដើម្បីឆ្លើយតបនឹងសំណើរបស់សហព័ន្ធកីឡាបាល់គុនខ្មែរ សុំផ្អាកការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមស្ថានីយទូរទស្សន៍ និងការប្រកួតនានា ដែល CBS ទទួលបាននាពេលថ្មីៗនេះ។

យោងតាមលិខិតស្នើលេខ ២៥៤/២០២៣ ស គ ខ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដូច្នេះសហព័ន្ធស្នើឱ្យទុកពេលវេលាឱ្យកីឡាករ កីឡាការិនី នៅតាមបណ្ដាសមាគម ក្លិប ក្រសួង រាជធានី ខេត្ត ចូលរួមប្រកួតឱ្យបានពេញលេញ។

ការប្រកួតកីឡាប្រដាល់គុនខ្មែរថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ប្រកួតលើវិញ្ញាសាច្រើនប្រភេទទម្ងន់ រួមទាំងវិញ្ញាសាថ្វាយបង្គំគ្រូផ្នែកបុរស និងនារីផងដែរ។

ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ នឹងវិលត្រឡប់មកវិញ នាថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ដោយសន្យាផ្ដល់ជូននូវគូពិសេសៗជក់ចិត្តដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CNC ៕