រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ និង ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់ក្រសួង ស្ថាប័ន រាជធានីខេត្ត អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនមានពិការភាពសរុបប្រមាណចំនួន ៣,៥០០នាក់ ដើម្បីអបអរសាទរជោគជ័យលើវិស័យពិការភាពនៅកម្ពុជា ហើយបន្តបង្ហាញឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពធានាដល់ការធ្វើបរិយាបន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ, អនុសញ្ញាស្តីពី សិទ្ធិជនពិការ, និងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព៕