ស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីកក្រឹមសិង្ហេ (Ranil Wickremesinghe) នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បានចូលរួមធ្វើជាអធិបតីនៅក្នុងក្បួនព្យុហយាត្រាយោធាអបអរសាទរទិវាឯករាជ្យជាតិ ៧៦ ឆ្នាំរបស់ប្រទេសដែនកោះនេះ ក្រោយទទួលបានសេរីភាពចេញពីអាណានិគមរបស់ចក្រភពអង់គ្លេស។
កម្មវិធីនេះ បានប្រារព្ធឡើងនៅឯទីកន្លែងតែមួយដែលបាតុកររាប់ម៉ឺននាក់នាំគ្នាបោះជំរុំក្នុងរយៈពេលរាប់ខែ ចាប់តាំងពីខែមីនាឆ្នាំ ២០២២ ហើយនៅទីបំផុតក៏បានបង្ខំឱ្យអតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) រត់ភៀសខ្លួនចេញពីប្រទេសក្នុងខែកក្កដាឆ្នាំដដែល ។
ការតវ៉ាពីសំណាក់ក្រុមបាតុករបានផ្ទុះឡើងបន្ទាប់ពីប្រទេសនេះបានបង្ខំប្រកាសក្ស័យធនផ្នែកសេដ្ឋកិច្ច ដែលបង្កឱ្យមានវិបត្តិដ៏ធំមួយផ្នែកសេដ្ឋកិច្ចនាឆ្នាំនោះ ។ ការតវ៉ាទាំងអម្បាលម៉ាននាពេលនោះ ត្រូវបំបែកដោយកងកម្លាំងនៃរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក វីកក្រឹមសិង្ហេ (Wickremesinghe) ដែលស្នងតំណែងជំនួសលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) ។
ដោយឡែក តំបន់ណាដែលមានការប៉ុនប៉ងធ្វើសកម្មភាពចលាចលអំឡុងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ តំបន់នោះក៏ត្រូវបិទដោយសមត្ថកិច្ច និងទាហានប្រដាប់អាវុធ ។ មានតែភ្ញៀវទទួលបានការអញ្ជើញប៉ុណ្ណោះ ដែលត្រូវគេអនុញ្ញាតឱ្យធ្វើដំណើរនៅតាមតំបន់រក្សាសុវត្ថិភាពកម្រិតខ្ពស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect