តៃវ៉ាន់៖ នៅថ្ងៃពុធសប្តាហ៍នេះ កោះតៃវ៉ាន់បានរៀបចំធើ្វសមយុទ្ធសឹកមួយបែបសេណារីយ៉ូនិម្មិត ដែលប្រដូចនឹងឈុតឆាកនៃការចូលឈ្លានពានរបស់ប្រទេសចិនមកលើកោះតៃវ៉ាន់នៅក្រោមរូបភាពនៃការធើ្វលំហាត់យោធា ដើម្បីឆ្លើយតបនឹងកំណើនសកម្មភាពយោធារបស់ប្រទេសចិននៅក្បែរតំបន់ដែនទឹកដីរបស់កោះតៃវ៉ាន់។
សមយុទ្ធសឹកតាមបែបឈុតឆាកសេណារីយ៉ូរបស់តៃវ៉ាន់ខាងលើនេះ មានការចូលរួមពីកងនាវាជើងទឹក ទាហានថ្មើជើង កងរថក្រោះ និងកងរថពាសដែកជាច្រើនគ្រឿង ដើម្បីប្រដូចលំហាត់សឹកនេះឱ្យទៅជាឈុតឆាកសមរភូមិជាក់ស្តែង ដែលបានធើ្វឡើងនៅឯតំបន់ឆ្នេរប៉ែកខាងត្បូងកោះតៃវ៉ាន់។
បើតាមមន្រ្តីយោធារបស់តៃវ៉ាន់មួយរូបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ដោយប្រឈមនឹងការគំរាមកំហែងដែលចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់ប្រទេសចិនសម្រាប់រយៈពេលប្រមាណជាង ១ឆ្នាំមកនេះ យោធារបស់កោះតៃវ៉ាន់បានធើ្វការពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនរឹតតែប្រសើរទ្វេដង បើធៀបនឹងពេលកន្លងទៅ។
ជុំវិញស្ថានការណ៍តានតឹងរវាងតៃវ៉ាន់និងប្រទេសចិន កោះតៃវ៉ាន់បានបញ្ជាក់ឱ្យដឹងដែរថា យោធារបស់ប្រទេសចិននៅតែបន្តធើ្វការបំពានចូលមកកាន់តំបន់ដែនទឹក រួមទាំងដែនអាកាសរបស់ខ្លួនជាញឹកញាប់ ដើម្បីជាការដាក់សម្ពាធដល់កោះតៃវ៉ាន់ឱ្យព្រមទទួលស្គាល់នូវឥទ្ធិពលអធិបតេយ្យភាពរបស់ប្រទេសចិន ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect