សហព័ន្ធកីឡាបាល់ទះកម្ពុជា ចុះ MOU ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតបន្ថែមទៀត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយបារាំង ដែលជាប្រទេសមហាអំណាចមួយលើវិស័យបាល់ទះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានរំពឹងថា អនុស្សារណៈយោគយល់គ្នា នឹងជំរុញការអភិវឌ្ឍ ទាំងធនធានមនុស្ស និងបច្ចេកទេស ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតបន្ថែមទៀត ដ្បិតបច្ចុប្បន្នបាល់ទះកម្ពុជា កំពុងដំណើរការល្អគួរឲ្យកត់សម្គាល់ និងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

លោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានលើកឡើងថា ទោះបីបាល់ទះដូចគ្នាតែរបៀបរបបលេងបាល់ទះអឺរ៉ុប និងអាស៊ីខុសប្លែកគ្នា។ ដូច្នេះលោកជឿជាក់កិច្ចសហការជាមួយកម្ពុជា ជាឱកាសផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីដំណើរឆ្ពោះទៅរកភាពរីកចម្រើនរួមគ្នានាថ្ងៃអនាគត ដូចអ្វីដែលក្រុមបាល់ទះកម្ពុជា សម្រេចបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈក្រុមជម្រើសជាតិ U19 បារាំងឈ្នះជើងឯក U19 ពិភពលោក បន្ទាប់ពីការប្រកួតមិត្តភាពជាមួយគ្នាកាលពីដើមឆ្នាំ២០២៣។

យោងតាមការឱ្យដឹងពី លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ បានគូសបញ្ជាក់ថា ការចុះអនុស្សារណៈយោគគ្នាជំហានដំបូងនេះមានរយៈពេល ២ឆ្នាំ ក្នុងគោលបំណងសំខាន់ៗ ៩ចំណុច ដែលផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងប្រទេសទាំងពីររួមមានចំណេះជំនាញពាក់ព័ន្ធនឹងគ្រូបង្វឹក កីឡាករ ក៏ដូចជាបច្ចេកទេសផ្សេងៗ ក្នុងនោះក៏ផ្ដោតលើការអភិវឌ្ឍវិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់ផងដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាបាល់ទះកម្ពុជា បានរីកមុខមាត់លើឆាកអន្ដរជាតិ បន្ទាប់ពីសម្រេចបានសមិទ្ធផលប្រវត្តិសាស្ដ្រជាបន្ដបន្ទាប់ ដូចជាការឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ និងការឈ្នះមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ហើយបានចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ បន្ទាប់ពីខកខានរាប់ស៊ិបឆ្នាំ។ សមិទ្ធផលទាំងអស់នេះ បាននាំឲ្យបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍ និងស្ងើចសរសើរពីភាពរីកចម្រើននៃវិស័យបាល់ទះកម្ពុជា៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *