ជិះម៉ូតូជ្រុលទៅបុករថយន្តស្លាប់ម្នាក់ បន្ទាប់ពីព្យាយាមវ៉ារថយន្តកុងតីន័រ២គ្រឿង ដែលកំពុងចរាចរណ៍បន្តកន្ទុយគ្នា

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូខុសគន្លង ជ្រុលទៅបុករថយន្តស្តារិច១គ្រឿង បណ្តាលឲ្យស្លាប់ បន្ទាប់ពីព្យាយាមវ៉ារថយន្តធុនធំប្រភេទកុងតីន័រ២គ្រឿង ដែលកំពុងចរាចរណ៍បន្តកន្ទុយគ្នា កាលពីវលាម៉ោង ១១:១១នាទីយប់ ថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីភាគីខាងរថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានរួមដំណើរក្នុងរថយន្តចំនួន ៦នាក់ ដោយរថយន្តមានម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 2B-7273 បើកបរដោយមនុស្សប្រុស ដោយធ្វើដំណើរពីផ្លូវថៃហ្គ័រទៅខណ្ឌកំបូល។ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែឃើញជនរងគ្រោះបើកម៉ូតូវ៉ាជែងរថយន្តកុងតីន័រចំនួន ២គ្រឿង នៅគន្លងខាងម៉ូតូ ជ្រែកចូលគន្លងខាងរថយន្តរបស់គាត់ ដែលកំពុងធ្វើដំណើរបញ្ជ្រាសទិសគ្នា បណ្តាលឲ្យម៉ូតូបើកចូលពីមុខរថយន្តដែលគាត់កំពុងធ្វើដំណើរ បណ្តាលឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗតែម្តង។

សពបុរសរងគ្រោះ មានឈ្មោះ គ្រី ចាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំ បានបើកបរម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខ កណ្តាល 1x-6035។

ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្តស្តារិច បានចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីស។ ចំណែកយានយន្តទាំងសងខាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ រីឯសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕

ដោយ៖ ឌីយ៉ាម៉ង់

Leave a Reply

Your email address will not be published. Required fields are marked *