កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុកយុល (Yoon Suk Yeol) បានលើកឡើងថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើសកម្មភាពបង្កហេតុណាមួយ ដូចជា បង្កសកម្មភាពប្រដាប់អាវុធនៅជិតព្រំដែនរួមគ្នា, រៀបចំការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើក, ធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបង្កភាពរញ៉េរញ៉ៃនិងជ្រៀតជ្រែកក្នុងការបោះឆ្នោតសភានៅកូរ៉េខាងត្បូងក្នុងខែមេសា ។
លោក យុន (Yoon) បានធ្វើការកត់សម្គាល់បែបនេះ ក្នុងកំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាការពារជាតិ ដែលប្រមូលផ្តុំទៅដោយវត្តមានរបស់មន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល និងអង្គភាពការពារស៊ីវិលផ្សេងៗ ។
ការិយាល័យរដ្ឋាភិបាលរបស់លោក យុន (Yoon) បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិរបស់ទីក្រុងសេអ៊ូលនៅឆ្នាំនេះ ទទួលបានការរៀបចំឡើងជាពិសេសដើម្បីពិនិត្យមើលនិតិវិធីជាក់ស្តែង ពាក់ព័ន្ធនឹងការឆ្លើយតបក្រោមសេណារីយ៉ូផ្សេងៗ ប្រសិនបើមានការបង្កហេតុណាមួយពីប្រទេសកូរ៉េខាងជើង រួមទាំង សកម្មភាពវាយប្រហារដោយកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងការបំផ្ទុះឬបំភាយថាមពលអេឡិចត្រូម៉ាញ៉េទិច (EMP) ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េជាមួយនឹងសកម្មភាពផ្សេងៗគ្នា រួមមាន ការសាកល្បងបាញ់កាំជ្រួចមីស៊ីល និងការគំរាមកំហែងដោយពាក្យសំដីប្រឆាំងនឹងទីក្រុងសេអ៊ូល ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងលុបចោលគោលដៅរយៈពេលជាច្រើនទសវត្សរ៍នៃការបង្រួបបង្រួមរវាងប្រទេសបងប្អូនទាំងពីរដោយសន្តិវិធី និងកំណត់ឡើងវិញថា កូរ៉េខាងត្បូងជារដ្ឋសត្រូវទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect